Details
Product Details
- Author:
- Category:
- Condition:
គ្រប់អង្គភាព ស្ថាប័នមិនថាជាកម្រិតតូចៗដូចជាក្នុងគ្រួសារ សាលារៀន សហគមន៍ ឬកម្រិតធំៗចាប់ពីក្រុមហ៊ុនរហូតដល់ប្រទេសជាតិសុទ្ធតែត្រូវមានអ្នកដឹកនាំ។ ភាពចម្រើនជឿនលឿន ភាពស្ថិតស្ថេរគង់វង្ស ភាពរស់ឬស្លាប់នៃអង្គភាពឬស្ថាប័នទាំងនោះតែងត្រូវពឹងផ្អែកលើអ្នកដឹកនាំទាំងអស់។ បុគ្គលជា “អ្នកគ្រប់គ្រង” “នាយកប្រតិបត្តិ” ឬ “ស៊ីអ៊ីអូ” អាចពុំមែនសុទ្ធតែជាអ្នកដឹកនាំនោះទេ។ និមិត្តសញ្ញានៃពាក្យទាំងនេះគ្រាន់តែជា “មុខតំណែង” ប៉ុណ្ណោះព្រោះអ្នកដឹកនាំពិតប្រាកដត្រូវមានបារមី មានចំណេះដឹងមានសម្ថភាព មានជំនាញ ហើយអាច “ដឹកនាំ” ធ្វើជាគំរូឲ្យអ្នកដ៏ទៃដើរតាមបាន។ សៀវភៅ The 5 Levels of Leadership ឬ ភាពជាអ្នកដឹកនាំ 5 កម្រិត ជាការប្រមូលចងក្រងគំនិត បទពិសោធន៍ ពីការបង្រៀនភាពជាអ្នកដឹកនាំដែលបានប្រឡូកអស់ជាង ៣០ ឆ្នាំរបស់បណ្ឌិត ចន ស៊ី ម៉ាក្សវេល និងជាសៀវភៅដែលអ្នកសិក្សាមានសំណូមពរឲ្យគាត់ធ្វើបទបង្ហាញច្រើនបំផុត។ ភាពជាអ្នកដឹកនាំ 5 កម្រិត ជាសៀវភៅដែល ចនស៊ី ម៉ាក្សវែល បានលើកបង្ហាញឲ្យឃើញពីភាពរួមទាំងអស់នៃភាពជាអ្នកដឹកនាំ ចាប់ពីជំហានដំបូងរហូតដល់ក្លាយជាអ្នកដឹកនាំពេញលក្ខណៈនិងថែមទាំងបានបែងចែកភាពជាអ្នកដឹកនាំទៅតាមកម្រិតផ្សេងៗ ដើម្បីធ្វើឲ្យអ្នកអានបានឃើញច្បាស់អំពីដំណាក់កាលនៃការផ្លាស់ប្តូរ និងចំណុចសំខាន់នៃភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗដែលជួយឲ្យបានស្វែងយល់កាន់តែងាយស្រួលនិងស៊ីជម្រៅអំពីភាពជាអ្នកដឹកនាំ 5កម្រិតដែលមានដូចខាងក្រោម៖ កម្រិតទី 1 មុខតំណែង : ជាចំណុចចាប់ផ្តើមនៃភាពជាអ្នកដឹកនាំនិងដែលត្រូវអភិវឌ្ឍ។ កម្រិតទី 2 ការទួលស្គាល់ : ជាការសាងសម្ពន្ធភាពរវាងក្រុមការងារដើម្បីឲ្យមានការទទួលស្គាល់។ កម្រិតទី 3 ការសាងសមិទ្ធផល : ការបញ្ចេញថ្វីដៃនិងការធ្វើឲ្យក្រុមការងារសាងសមិទ្ធផលរបស់ខ្លួន។ កម្រិតទី 4 ការអភិវឌ្ឍធនធានមនុស្ស : ប្រឹងប្រែងអភិវឌ្ឍអ្នកដ៏ទៃ ឲ្យបានក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្រិតទី 5 កម្រិតខ្ពស់បំផុត : ជាអ្នកដឹកនាំពេញលក្ខណៈ។ ភាពអ្នកដឹកនាំ ៥ កម្រិត បានបកស្រាយភាពរួមនៃភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗ និងមានលំនាំសម្រាប់វាយតម្លៃ ដើម្បីឲ្យអ្នកដឹងថាតើខ្លួនឯងមានលក្ខណៈជាអ្នដឹកនាំក្នុងកម្រិតណា ហើយថែមទាំងបានវែកញែកយ៉ាងក្បោះក្បាយពីភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗ ដោយលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយ ប្រការដែលគួរធ្វើបំផុតក្នុងកម្រិតនីមួយៗ ច្បាប់សំខាន់អំពីភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗ រួមទាំងគោលគារណ៍អភិវឌ្ឍខ្លួនឯងដើម្បីឲ្យឆ្លងផុតពីកម្រិតនីមួយៗបាន។ វិធីបកស្រាយរបស់ ចន ស៊ី ម៉ាក្សវេល អំពី ភាពជាអ្នកដឹកនាំ 5 កម្រិត មានលក្ខណៈសាមញ្ញ មិនបានលើកពីទ្រឹស្តី បែបស្មុគស្មាញ អ្វីឡើយ។ គាត់គឺជាអ្នកនិពន្ធដែលមានទំលាប់ក្នុងការធ្វើរឿងពិបាកឲ្យងាយស្រូលយល់។ ប្រិយមិត្តខ្លះមានចម្ងល់ថា ហេតុអ្វីក៏ចាំបាច់ត្រូវអានសៀវភៅនេះ បើមានសៀវភៅទាក់ទងនឹងភាពជាអ្នកដឹកនាំមួយគំនរនៅផ្ទះរួចហើយនោះ? លោក ម៉ាក្សវេល បានបញ្ជាក់ថា មកពីសៀវភៅនេះអាចយកទៅប្រតិបត្តិបានពិតប្រាកដ។ គោលគំនិតអំពីភាពជាអ្នកដឹកនាំ 5 កម្រិតនេះធ្លាប់បានយកទៅប្រើនៅក្នុងការបណ្តុះបណ្តាលស្ថាប័នគ្រប់ប្រភេទរួចមកហើយ គឺចាប់ពីអង្គភាពធុរកិច្ចខ្នាតតូច ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់ក្នុង ១០០ លំដាប់របស់ទស្សនាវដ្តី Fortune សាលាទ័ពជាន់ខ្ពស់វេស៍ភញ់ (West Point) រួមទាំងក្រុមហ៊ុនម៉ៃក្រូសុហ្វ រហូតដល់ជាង ១២០ ប្រទេសដទៃទៀតលើសកលលោក។ ហេតុនេះប្រសិនបើប្រិយមិត្តចង់បានសៀវភៅប្រភេទ Leadership ល្អៗ ដែលបកស្រាយពីភាពជាអ្នកដឹកនាំតាំតែពីចំណុចផ្តើមរហូតដល់ក្លាយជាអ្នកដឹកនាំដ៏សម្បូរបែប នោះគឺសៀវភៅភាពជាអ្នកដឹកនាំ ៥ កម្រិតនេះហើយដែលសក្តិសមបំផុតសម្រាប់អ្នក។ សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំអស់ដែលបានគាំទ្រយើងខ្ញុំជាស្ថាបនិកសៀវភៅ ម៉ាញប៊ុក្ស ឲ្យអាចឈរបានមកដល់បច្ចុប្បន្ន។
Related Products